ការបោះជំហានលើវិថីសិល្បៈ
លោក ឆាយ វីរៈយុទ្ធ បានឈានចាប់អាជីពជាអ្នកចម្រៀងតាំងពីឆ្នាំ២០០២ មកម្ល៉េះ ពោលគឺក្នុងពេលដែលលោករៀននៅថ្នាក់ទី៩នៃវិទ្យាល័យ ឥន្ទ្រទេវី តែម្ដង។ លោកនិយាយថាការបោះជំហានចូលសិល្បៈរបស់ខ្លួនកើតឡើងពីការស្រលាញ់ ផ្ទាល់ខ្លួន ក៏ដូចជាមានការជួយជំរុញលើកទឹកចិត្តខ្លះៗបងប្អូន និងឪពុកម្ដាយ។
តារាចម្រៀងរូបនេះនិយាយថា៖”អាជីពជាអ្នកចម្រៀង ហ្នឹងខ្ញុំស្រលាញ់តាំងពីតូចមកម្ល៉េះ។ កាលនៅក្មេងឱ្យតែដល់ម៉ោងសិល្បៈគ្រូតែងតែឱ្យអ្នកណាស្ម័គ្រចិត្ត ច្រៀងគាត់នឹងផ្ទល់ពិន្ទុឱ្យ។ ខ្ញុំតែងលើកដៃមុនគេជានិច្ច ព្រោះជាអ្វីដែលខ្ញុំស្រលាញ់ចូលចិត្ត”។
បាក់ទឹកចិត្តពេលមិនទទួលការគាំទ្រពីទស្សនិកជន
ក្រោយ ពីនៅក្រៅរង្វង់សិល្បៈជាងបីឆ្នាំ ដោយដើរតែច្រៀងតាមភោជនីយដ្ឋាន និងតាមបៀរហ្គាឌិននានាលោក ឆាយ វីរៈយុទ្ធ បានចេញជា CD លើកដំបូងក្នុងផលិតកម្ម រស្មីស្ទឹងសែនក្នុងឆ្នាំ ២០០៥។ បទចម្រៀងដំបូងរបស់លោកក្នុងផលិតកម្មនេះគឺបទ ”ត្រឹមមួយនាទី”។ ទោះជាយ៉ាងណាក៏ដោយការចេញជា CD ផ្ទាល់ខ្លួនលើកដំបូងនេះមិនបានធ្វើឱ្យតារាចម្រៀងវ័យក្មេងខាងលើ សប្បាយរីករាយឡើយ ព្រោះមិនទទួលការចាប់អារម្មណ៍ច្រើនពីមហាជន។
តារា ចម្រៀងទទួលការចាប់អារម្មណ៍ច្រើនពីមិត្តៗយុវវ័យនិយាយថា៖”ខ្ញុំ បាក់ទឹកចិត្ត និងគ្មានកម្លាំងចិត្តបន្តការច្រៀងទៀតទេនៅពេលបទចម្រៀងចេញហើយ មិនមានអ្នកគាំទ្រ។ ខ្ញុំចង់ឈប់ពីអាជីពជាអ្នកចម្រៀងនេះ តែដោយសារឪពុកម្ដាយចេះតែជំរុញលើកទឹកចិត្តធ្វើឱ្យ ព្យាយាមថែមទៀតរហូតធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍”។
លោក ឆាយ វីរៈយុទ្ធ បន្តទៀតថាការចេញបទចម្រៀងមានចំណងជើងថា”កិច្ចសន្យាស្នេហ៍” ក្នុងផលិតកម្ម Blue Diamond ទាក់ទាញការគាំទ្រជាខ្លាំងពីសំណាក់ទស្សនិកជន។ ប្រការនេះធ្វើឱ្យមានកម្លាំងចិត្តលោកពុះពារខ្លាំងជាងមុនថែម ទៀតក្នុងការបោះជំហានកាន់តែជ្រៅក្នុងវិស័យសិល្បៈ។
ការផ្លាស់ប្ដូរផលិតកម្មច្រៀង
លោក ឆាយ វីរៈយុទ្ធ បានចេញជា CD ផ្ទាល់ខ្លួនដំបូងក្នុងផលិតកម្ម រស្មីស្ទឹងសែន នាឆ្នាំ២០០៥ បន្ទាប់ពីមានការជួយជ្រោមជ្រែងពីបុរសម្នាក់អំឡុងពេលខ្លួនច្រៀង តាមភោជនីយដ្ឋាននានាក្នុងរាជធានីភ្នំពេញ។
ក្នុងឆ្នាំ២០០៧ តារាចម្រៀងល្បីឈ្មោះរូបនេះបានប្ដូរពីផលិតកម្ម រស្មីស្ទឹងសែន មកច្រៀងក្នុងផលិតកម្ម Blue Diamond។ ការចាកចេញពី រស្មីស្ទឹងសែន ដោយសារតែការជាប់គាំទ្រ CD មិនអាចចរាចរនៅលើទីផ្សារបាន។ ក្នុងផលិតកម្ម Blue Diamond នេះហើយធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់លោក ឆាយ វីរៈយុទ្ធ ចាប់ផ្ដើមល្បីទទួលស្គាល់ពីទស្សនិកជនក្នុងបទចម្រៀង”កិច្ចសន្យា ស្នេហ៍”។
ក្នុងឆ្នាំ២០០៨ តារាចម្រៀងវ័យ២៧ឆ្នាំរូបនេះប្ដូរមកច្រៀងក្នុងផលិតកម្ម M វិញម្ដង។ ការចាកចេញពី Blue Diamond មិនខុសពីកាលលោកចេញពី រស្មីស្ទឹងសែននោះទេ គឺដោយសារតែការជាប់គាំងមិនអាចចេញ CD លក់លើទីផ្សារបាន។
ក្នុងឆ្នាំ២០១០លោក ឆាយ វីរៈយុទ្ធ ចាកចេញពីផលិតកម្ម M មកច្រៀងឱ្យផលិតកម្ម Bigman វិញ។ ការចាកចេញពីផលិតកម្ម M មិនមែនជាប់គាំង CDS ដូចផលិតកម្មមុនៗទេ។ ការចាកចេញម្ដងនេះគឺដោយសារតែផុតកុងត្រា។
បានរយៈពេលតែពីរ ឆ្នាំតារាចម្រៀងល្បីឈ្មោះខាងលើបានបោះជំហានទៅកាន់ផលិតកម្ម ថ្មីមួយទៀតគឺផលិតកម្ម សាន់ដេក្នុងឆ្នាំ២០១២។ លោក ឆាយ វីរៈយុទ្ធ បញ្ជាក់ថាការបោះជំហានទៅកាន់សាន់ដេ ដោយសារតែលោកផុតកុងត្រាជាមួយ Bigman ពោលគឺមិនមានបញ្ហាអ្វីចោទទេ។
បទចម្រៀងល្បីៗទទួលការគាំទ្រខ្លាំងពីទស្សនិកជន
បទចម្រៀងល្បីៗរបស់លោក ឆាយ វីរៈយុទ្ធ ចាប់តាំងពីប្រឡូកសិល្បៈរហូតមកទល់នឹងពេលបច្ចុប្បន្នមានដូចជា៖
-ផលិតកម្ម រស្មីស្ទឹងសែន ត្រឹមមួយនាទី
- ផលិតកម្ម Blue Diamond បទ កិច្ចសន្យាស្នេហ៍
-ផលិតកម្ម M នឹកដូចគ្នា, កុំឱ្យគេឈឺចាប់ដោយសារបង, ផ្ញើចិត្តនឹក, នរណាជាម្ចាស់បេះដូងអូន, ខូចចិត្តទុកមុន
-ផលិតកម្ម Bigmanកុំភ្លេចប្រាប់គេថាអូនជាសង្សារបង, ទឹកចិត្តបងស្រី, មុនបងស្គាល់គេអូននៅឯណា, ដកដង្ហើមហូរទឹកភ្នែក, សុខៗសង្សារសុំបែក, ខ្លាចការពិតត្បិតមិនចង់បែក។
-ផលិតកម្ម សាន់ដេ សង្សារលួចលាក់, ស្អប់ខ្លួនឯងដែលស្រលាញ់អូន, លុយបងមិនដល់គេ, លឺឈ្មោះអូនបងឆ្អែតបាយ, បងពីមុនឆ្កួតបាត់ហើយ។
ស្នាដៃថតខ្សែភាពយន្ត
ចាប់ តាំងពីបោះជំហានចូលសិល្បៈមកទល់នឹងពេលនេះលោក ឆាយ វីរៈយុទ្ធ បានសម្ដែងខ្សែភាពយន្តពីររឿងមកហើយគឺរឿង វិញ្ញាណបិសាចជញ្ជក់ឈាម ក្នុងឆ្នាំ២០១២ និងរឿង”ព្រាយក្បាលប្រាំបី” ក្នុងឆ្នាំ២០១៣។ ខ្សែភាពយន្តទាំងពីរនេះគឺថតក្នុងផលិតកម្មសាន់ដេ។ លោកបាននិយាយថានៅពេលខាងមុខលោកត្រៀមនឹងបង្ហាញស្នាដៃខ្សែភាពយន្ត ផ្សេងទៀត ប៉ុន្តែលោកមិនទាន់បង្ហើបចំណងជើងឱ្យដឹងនៅឡើយទេ។
ការចេញសម្ដែងនៅក្រៅប្រទេស
លោក ឆាយ វីរៈយុទ្ធ ទើបតែបានចេញទៅសម្ដែងនៅប្រទេសអូស្ត្រាលីមួយប៉ុណ្ណោះចាប់តាំងពី ឈានចាប់អាជីពជាអ្នកសិល្បៈមក។ ការចេញទៅសម្ដែងក្នុងឆ្នាំ២០១២ តារាចម្រៀងមានប្រភពមកពីខេត្ត កំពង់ចាមរូបនេះទទួលការចាប់អារម្មណ៍ជាខ្លាំងពីទស្សនិកជន។
រឿងចងចាំបំផុតមិនអាចបំភ្លេចបានក្នុងជីវិត
មាន រឿងពីរយ៉ាងដែលធ្វើឱ្យលោក ឆាយ វីរៈយុទ្ធ មិនអាចបំភ្លេចបានក្នុងជីវិត។ រឿងទាំងពីរនោះគឺទីមួយ ការចេញជា CD បទចម្រៀង និង រឿងមួយទៀតគឺ ព្រឹត្តិការណ៍រត់ជាន់គ្នានៅកោះពេជ្រកាលពីឆ្នាំ២០១០។
តារា ចម្រៀងរូបនេះនិយាយថា អំឡុងការសិក្សាថ្នាក់អនុវិទ្យាល័យ ពេលចេញទៅច្រៀងតាមភោជនីយដ្ឋានម្ដងៗលោកបាននិយាយជាមួយបងប្រុស ខ្លួនថាថ្ងៃណាមួយបានចេញជា CD ចម្រៀងផ្ទាល់នឹងធ្វើឱ្យជីវិតរបស់លោករីករាយបំផុត។ ការគិតនេះគឺបានដូចបំណងពិតមែនដោយលោកបានចេញជាអាល់ប៊ុម CD ចម្រៀងក្នុងផលិតកម្ម រស្មីស្ទឹងសែន។ ដោយឡែកនិយាយពីរឿងរត់ជាន់គ្នានៅកោះពេជ្រ តារាចម្រៀងល្បីឈ្មោះខាងលើមិនធ្វើអត្ថាធិប្បាយទេ ដោយចាត់ទុកថាជារឿងធ្វើឱ្យលោកភ្លេចមិនបាន។


No comments:
Post a Comment